Wednesday, September 22, 2021

ប្រភពនៃពាក្យ ខម (ក្រោម) និង ខ្មេន/ខេមរ (ខ្មែរ)

 


• ជនជាតិខ្មែរត្រូវបានជនជាតិជិតខាងឲ្យតម្លៃថាជាជនជាតិមួយ ដែលធ្លាប់ជាម្ចាស់នៃផែនដីសុវណ្ណភូមិ ក្នុងខណៈដែលដូនតារបស់ពួកគេជាជនអន្តោប្រវេសន៍ ។ ការដែល គេវាយតម្លៃយ៉ាងខ្ពស់ដូច្នេះ បណ្តាលមកពីនៅលើភូមិភាគនៃអាស៊ីអាគ្នេយ៍ដែនគោក គេបានរកឃើញនូវស្លាកស្នាមវប្បធម៌ របស់បុព្វការីជននៃប្រជាជាតិខ្មែរ យ៉ាងច្រើនលើសលប់ ។ សច្ចភាពមួយទៀត ក៏អាចឆ្លុះបញ្ចាំង តាមរយៈឥទ្ធិពលលើវិស័យភាសាសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា និងវិស័យវិចិត្រសិល្បៈ ដែលមានសារៈសំខាន់សម្រាប់ការស្វែងយល់អំពីខ្មែរ ។
ក្នុងដំណើរនៃប្រវត្តិសាស្ត្រ ដែលមានវ័យចំណាស់ដ៏យូរលង់នេះ យើងក៏បានដឹងដែរថា ជនជាតិខ្មែរត្រូវជនជាតិថៃហៅថា ខម ឬ ខ្មេន ដែលជាជាតិពន្ធុនាម ។ តើពាក្យ ខម និង ខ្មេន មានប្រភពចេញពីណាមក ?
យើងមានភស្តុតាងយ៉ាងពិតប្រាកដណាស់ថា ជនជាតិមន និងភូមា នៅប្រទេសភូមា ក៏ដូចជាជនជាតិថៃ នៅប្រទេសថៃបច្ចុប្បន្នព្រមទាំងជនជាតិ លាវ ដែលស្ថិតក្នុងអំបូរតែមួយ ពួកគេហៅខ្មែរថា ខម តាំងតែស.វ ទី ១២-១៣ ម្ល៉េះ ។ តាមរយៈព្រះរាជពង្សាវតារឈ្មោះ វិមានកែវ ( The Glass Chronicle ) ដែលក្នុងនោះមានការពិពណ៌នាអំពីការយាងទៅកាន់កោះស្រីលង្ការ ព្រះអង្គម្ចាស់តាមលិន្ទ ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ជនជាតិភូមា ក៏ដូចជាជនជាតិថៃ អ្នកចំណូលថ្មីហៅជនជាតិខ្មែរថា ក្រោម (Krom)ក្នុងន័យខ្មែរក្រោម ឬ គ្លុម (Glum) តាំងពីបុរាណកាលមក ។ រីឯជនជាតិមនវិញ ដែលស្ថិតក្នុងអម្បូរមន-ខ្មែរនោះ ពួកគេក៏ហៅជនជាតិខ្មែរថា ក្រោម (Krom) ដែរ ។ ឧបករណ៍ជាក់ស្តែងមួយទៀត ក្នុងឯកសារដដែលគឺក្នុងចម្បាំងដ៏ធំមួយរវាងជនជាតិខ្មែរ និង ភូមានៅទីក្រុង ប៉េគូ (Pegu) ឬបាយគូ (Paygu) ទ័ពភូមាហៅកងទ័ពខ្មែរថា ជនជាតិក្រោម ។ នេះជារឿងមួយ ដែលបានចារឹកកត់ត្រាទុកនៅក្នុងព្រះរាជពង្សាវតារវិមានកែវដែរ ។ គឺក្នុងបរិបទនេះហើយ ដែលជនជាតិសៀមនិងលាវ ដែលរួមឈាមជ័រជាមួយគ្នា តាំងឈ្មោះឲ្យខ្មែរថា ខម ដូចគ្នា ដោយនិរុត្តិសាស្ត្រ ។
សូមកត់សម្គាល់ថា នៅទីនេះ ពាក្យក្រោម ឬ ខម ដែលកើតចេញពីស័ព្ទ ខ្មែរក្រោម ដែលសំដៅឲ្យជនជាតិខ្មែរ (ក្រោម) ដែលស្ថិតនៅម្ខាងទៀតនៃជួរភ្នំដងរែក នៅខាងផ្នែកខាងក្រោម នៃជួរភ្នំដងរែក ពោលគឺនៅតាមវាលទំនាបនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ។ ឧទាហរណ៍ជាក់ស្តែង ជនជាតិខ្មែរនៅខេត្តនគររាជសីមា,សុរិន្ទ្រ,បូរីរម្យរ មែងតែតាំងខ្លួនថា ពួកគេជាខ្មែរលើ ហើយខ្មែរនៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ជាខ្មែរក្រោមទៅវិញ ។ មានន័យថា ពួកគេគឺជាខ្មែរដែលរស់នៅលើខ្ពង់រាបនគររាជសីមា ។ តាមពិតទៅ ស្ថានភាពនេះ ក៏មិនខុសគ្នាប៉ុន្មានដែរទៅនឹងស្ថានភាពនៃជនជាតិខ្មែរក្រោម ដែលរស់នៅប្រទេសវៀតណាមសព្វថ្ងៃនេះ ដែលជាដែនដីសណ្តឬវាលទំនាប ។ ម្យ៉ាងវិញទៀត ការដែលប្រជាជនខ្មែរហៅសហគមន៍ខ្មែរដើមភាគតិច ដែលរស់នៅតាមតំបន់ខ្ពង់រាប ព្រៃភ្នំ ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរីជាដើមថា ជាខ្មែរលើ ក៏មិនត្រូវធ្វើឲ្យយើងងឿងឆ្ងល់ដែរ ។
សង្ខេបសេចក្តីមក ពាក្យ ខម ដែលកើតចេញពីពាក្យក្រោម គឺជាពាក្យបំព្រួញនៃពាក្យខ្មែរក្រោមដោយពិតៗ ហើយដែលជាឈ្មោះនៃប្រជាជនខ្មែរ ដែលរស់នៅ ទាំងលើខ្ពង់រាបនគររាជ និងផ្នែកខាងក្រោមនៃខ្ពង់រាប ទាំងនៅតាមវាលទំនាបនៃដងទន្លេចៅប្រាយ៉ា ដែលតាំងលំនៅដោយជនជាតិសៀមឬថៃ ។ រីឯពាក្យខ្មេនវិញ គឺកើតចេញពីស័ព្ទខ្មែរ។ ក្នុងវេយ្យាករណ៍ថៃពុំមានព្យាង្គអក្សរសរសេរត្រួតលើគ្នាទេ ទើបគេអានចេញសំនៀង ខ្មេន ។ សូមកត់សម្គាល់ផងដែរថា ពាក្យ ខម ឬខ្មេន ត្រូវបានជនជាតិសៀមឬថៃពេញនិយមតាំងតែសម័យវប្បធម៌បាយ័ន រហូតមកដល់សព្វថ្ងៃនេះ ដោយស័ព្ទនេះមិនបានកែប្រែឡើយ ។ ទាំងនេះ ស ឲ្យឃើញថា ពាក្យខមពិតជាមិនត្រូវបានបង្កើតឡើងដោយការបំព្រួញ នៃស័ព្ទទាំងពីរគឺពាក្យខ្មែរនិងមនជាដាច់ខាត ។
ជាទីបញ្ចប់ សូមជម្រាបផងដែរថា កុលសម្ព័ន្ធខ្មែរលើដូចជា ពួកជង ស្អូច និង ព័រជាដើម ពួកគេក៏ហៅជនជាតិខ្មែរយើងថា ក្រោម ដែរ ដោយរក្សាបាននូវអត្ថន័យដូចគ្នា ។ ចំពោះពួកចរាយនិងសេដាំង ពួកគេហៅជនជាតិខ្មែរថា បងត្រួង ឬព្រហ្មទៅវិញ ។
ជារួម ពាក្យក្រោម និង ខម ដែលជាជាតិពន្ធុនាម ក្នុងបរិបទវប្បធម៌ ថៃ-លាវ ពិតជាកើតចេញពីពាក្យក្រោមដែលសំដៅទៅលើជនជាតិខ្មែរយ៉ាងប្រាកដ ។ ពាក់ព័ន្ធទៅនឹងប្រភពនៃពាក្យខ្មែរវិញ យើងមានហេតុផលជាច្រើនដែលឲ្យដឹងថា ពាក្យនេះពិតជាបានកើតចេញពីពាក្យ ក្មេរ នាសម័យបុរេអង្គរនិងអង្គរយ៉ាងប្រាកដ ហើយដែលជាឈ្មោះ ដែលប្រជាជនខ្មែរ តាំងឈ្មោះរបស់ជាតិសាសន៍ខ្លួនឯងដោយផ្ទាល់ ។ ដូចគ្នានឹងនេះដែរ យើងក៏អាចនិយាយបានថា ពាក្យខ្មែរមិនមែនកើតចេញពីពាក្យ កម្ពុ និង មេរា ឡើយ ដូចដែលគេបានយល់ដោយភ័ន្តច្រឡំនោះទេ ។

អត្ថបទផ្សាយ ៖ លោកបណ្ឌិត ម.ត្រាណេ

0 Post a Comment:

Post a Comment